វិស័យអភិរក្សធនធានធម្មជាតិ
ការបាត់បង់តំបន់គម្របព្រៃឈើ គឺជាបញ្ហាចំបងមួយរបស់កម្ពុជា។ ចលនាកាប់បំផ្លាញព្រៃឈើ បានចាប់ផ្តើមក្នុងកំឡុងទសវត្ស ១៩៨០ នៅពេលដែល ក្រុមខ្មែរក្រហមបានចូលកាន់កាប់តំបន់ព្រៃ នៃជួរភ្នំក្រវាញ ហើយបានកាប់ឈើនាំចេញទៅប្រទេសជិតខាងកម្ពុជា។ ការកាប់បំផ្លាញ និងទន្រ្ទានព្រៃឈើខុសច្បាប់ នៅតែកើតមានជាបន្តរហូតដល់បច្ចុប្បន្ន ដែលធ្វើឲ្យនិរន្តរភាព នៃធនធានព្រៃឈើនិងសត្វព្រៃរបស់កម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
ការអភិរក្សព្រៃសំឡូត
ការអភិរក្សសត្វព្រៃ និងបរិស្ថានធម្មជាតិ ក្នុងតំបន់ការពារសំឡូត ជាកម្មវត្ថុដើមដំបូងមួយនៃការបង្កើត មូលនិធិ MJP ។ កង្វះខាតនៃធនធានចាំបាច់សំរាប់កិច្ចការអភិរក្ស គឺមានន័យថា បើកឳកាសឲ្យការកាប់បំផ្លាញព្រៃឈើ និង ការទន្រ្ទានយកដីគំរាមកំហែងដល់ព្រៃត្រូពិចចុងក្រោយក្នុងតំបន់ពាយ័ព្យ នៃកម្ពុជា។
យើងធ្វើកិច្ចសហប្រត្តិបត្តការជាមួយក្រសួងបរិស្ថាននៃប្រទេសកម្ពុជា ដើម្បីអភិរក្សប្រព័ន្ធទ្រទ្រង់ជីវិត អេកូសាស្រ្ត និងភាពសម្បូរបែបនៃជីវចំរុះ នៅក្នុងតំបន់នេះ។ ជារៀងរាល់ថ្ងៃ ក្រុមឧទ្យានុរក្សនៃក្រសួងបរិស្ថាន នគរបាលព្រំដែន និងក្រុមអាវុធហត្ថជាតិ ដែលគាំទ្រថវិកាដោយមូលនិធិ MJP កំពុងធ្វើការយាមល្បាតការពារតំបន់ សំឡូត ដើម្បីទប់ស្កាតការកាប់ឈើ ការកាប់ទន្ទ្រានយកដី និងការលួចបរបាញ់សត្វ ខុសច្បាប់ ។
សហគមន៍ព្រៃឈើ
ក្នុងភាពជាដៃគូជាមួយរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មូលនិធិ MJP បានជួយបង្កើត សហគមន៍ព្រៃឈើ ក្នុងឃុំចំនួន៤ នៃស្រុកសំឡូត និងបានជួយបង្កើតថ្នាលបណ្តុះកូនឈើ ដែលគ្រប់គ្រងដោយសហគមន៍ផ្ទាល់បានចំនួនន៤កន្លែង។ ក្នុងឆ្នាំ២០១៧ កូនឈើចំនួនជាង១ម៉ឺនដើម ដែលបណ្តុះដោយសហគមន៍ទាំងនោះ ត្រូវបានចែកចាយនិងដាំឡើងវិញ នៅក្នុសហគមន៍និងតំបន់ព្រៃអភិរក្សសំឡូត។
មូលនិធិ MJP ធ្វើការពង្រឹងអំណាចដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញ និងការបំពុលបរិស្ថានផ្សេងៗ និងបង្កើនការយល់ដឹងពីរបៀបអភិរក្សបរិស្ថានធម្មជាតិ ដែលផ្តល់ផលដោយផ្ទាល់លើភាពសុខសាន្តរបស់មនុស្ស។ យើងបានបណ្តុះបណ្តាលក្រុមឧទ្យានុរក្សស្មគ្រ័ចិត្ត ឲ្យជួយការពារ និងថែរក្សាព្រៃឈើក្នុងសហគមន៍របស់ខ្លួន ព្រមទាំងជួយចែករំលែកចំណេះដឹងស្តីពីបរិស្ថាន និងជម្រុញការចូលរួមអភិរក្សពីសហគមន៍ ។
ក្លិបយុវ័នបរិស្ថាន
កម្មវិធីក្លឹបយុវ័នអនុរក្សបរិស្ថាន (Eco-Ranger Club) របស់យើងធ្វើការបញ្រ្ជាបទស្សនាទាន ស្តីពីការការពារធនធាន ធម្មជាតិ និងប្រពន្ទ័បរិស្ថាន របស់ប្រទេសកម្ពុជា តាមរយៈការអប់រំពិសេសដល់សិស្សស្ម័គ្រចិត្ត មកពី សាលា៤ ក្នុងស្រុកសំឡូត ។ តាមរយៈការអប់រំក្នុងក្លឹប និងការបោះជំរុំសិក្សា ក្លឹបយុវ័នអនុរក្សបរិស្ថាន បានរៀនសូត្រអំពី ព្រៃឈើ ផលវិបានពីការបំផ្លាញព្រៃឈើ រៀនអំពីសត្វព្រៃ ទឹក ជីវចំរុះ ការគ្រប់គ្រងកាកសំណល់ និងអនាម័យ ។