អភិរក្សព្រៃឈើ សត្វព្រៃ និងគាំទ្រសហគមន៍ជនបទនៅកម្ពុជា។

សាវតារបស់យើង
មូលនិធិ​អេមចេភី (MJP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ក្នុងរូបភាពជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៏​សហគមន៍ នៅក្នុងតំបន់​ការពារ​សំឡូត​ ខេត្តបាត់ដំបង។ គោលបំណង​របស់​យើង​គឺ​ផ្តល់ការ​គាំទ្រ​ដល់​ភូមិ​នានា​នៅ​តាម​ជនបទ ថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលកំពុងរងការគំរាមកំហែង។ ការងារ​ជា​ដំបូង​របស់​យើង​គឺ​ចូល​រួម​បោសសំអាត​គ្រាប់មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ​ចេញ​ពី​តំបន់​ជនបទ​នៃ​ស្រុក​សំឡូត ដែល​ជាតំបន់​មួយ​ធ្លាប់​មាន​ជម្លោះ​ប្រដាប់​អាវុធ​យូរជាងគេក្នុងប្រទេស។ ក្នុងឆ្នាំ២០០៦ មូលនិធិ​អេមចេភី (MJP) បានពង្រីកកម្មវិធីរបស់ខ្លួន ដោយដាក់បញ្ចូលគម្រោងគាំទ្រវិស័យកសិកម្ម អប់រំ សុខាភិបាល​ និងកិច្ចពង្រឹងអំណាចស្ត្រី។
យុទ្ធសាស្ត្ររបស់យើង
គោលជំហររបស់យើងគឺជួយគាំទ្រប្រជាជនកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍សហគមន៍ និងការពារធនធានធម្មជាតិរបស់ពួកគេ។ មូលនិធិ​អេមចេភី (MJP) ជ្រើសរើសសហគមន៍រងគ្រោះដោយសង្គ្រាមដែលស្ថិតនៅដាច់ស្រយាល ដោយបានជួយគាំទ្រដល់កុ្រមជនងាយរងគ្រោះរាប់ពាន់គ្រួសារក្នុងសហគមន៍ជនបទទាំងនោះ តាមរយៈការផ្តល់នូវសេវានិងតម្រូវការចាំបាច់ជាមូលដ្ឋាននានារួមទាំងសេវាអប់រំ និងសុខាភិបាលផងដែរ។ ក្នុងពេលដែលកម្មវិធីយើងបាននិងកំពុងលូតលាស់ យើងបានព្យាយាម គ្របដណ្តប់ឲ្យបានគ្រប់ជ្រុងនៃតម្រូវការអភិវឌ្ឍន៍នៃសហគមន៍គោលដៅទាំងអស់។ ការជួយពង្រឹងសិទ្ធិអំណាចដល់ស្ត្រី ក៏ជាចំនុចស្នូលនៅក្នុងរាល់សកម្មភាពដែលយើងបាននឹងកំពុងធ្វើ ទាំងក្នុងវិស័យកសិកម្ម អប់រំ និងអភិរក្ស។
តំបន់ការពារសំឡូត
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ តំបន់ព្រៃសំឡូត គឺជាតំបន់ប្រើប្រាស់ច្រើនយ៉ាងដែលត្រូវការពារ​ ដោយព្រះរាជក្រិត្យ ចាប់តាំងពីឆ្នាំ១៩៩៣មក ហើយក៏ត្រូវបានចាត់ទុកជាតំបន់អភិរក្សសត្វព្រៃប្រភេទកម្រផងដែរ។ តំបន់ការពារសំឡូតមានទំហំ​ ៦ម៉ឺនហិកតា ស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសថៃ ក្នុងខេត្តបាត់ដំបង។ តំបន់នេះមានផ្ទុកទៅដោយជីវៈចម្រុះស្ទើរតែគ្រប់ប្រភេទនៃប្រទេស​ ដោយរួមមានទាំងព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី ទឹកសាប និងប្រភេទសត្វកម្រជិតផុតពូជជាច្រើនប្រភេទផងដែរ។ ទោះបីជាយ៉ាងណាក្តី ការបរបាញ់សត្វព្រៃ ជីករ៉ែ និងការកាប់ទន្ទ្រានយកដីព្រៃ​នៅតែជាបញ្ហាប្រឈមដ៏ចំបង ចំពោះកិច្ចអភិរក្ស។ មូលនិធិ​អេមចេភី (MJP) ធ្វើការជាដៃគូជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចនានាក្នុងតំបន់ ដើម្បីការពារដី សត្វព្រៃ និងព្រៃឈើ។
ដៃគូរបស់យើង
ជាងមួយទសវត្សកន្លងមកហើយ យើងបានគួបផ្សំនូវចំណេះដឹង និងជំនាញរបស់យើង ជាមួយនឹងស្ថាប័នដទៃទៀត ដើម្បីលើកកម្ពស់ និងធ្វើអោយប្រសើរឡើងនូវសុខភាព និងជីវភាពរបស់សហគមន៍ជនបទ អភិរក្សសត្វព្រៃ និងព្រៃឈើក្នុងតំបន់ការពារសំឡូត។ យើងធ្វើការជាដៃគូជាមួយសហគមន៍មូលដ្ឋាននានា ដើម្បីផ្តល់អោយមានឪកាសការងារ នៅគ្រប់គម្រោងរបស់យើងទាំងអស់។ ដៃគូសហការនានា
ក្រុមការងាររបស់យើង
មូលនិធិ​អេមចេភី (MJP) គឺជាគម្រោងនៃក្រុមការងារមួយ ដែលអនុវត្តដោយបុគ្គលិកកម្ពុជា និងដើម្បីប្រជាជនកម្ពុជា។ យើងមានបុគ្គលិកខ្មែរ ៣២ នាក់ ហើយយើងចាប់ដៃ និងគាំទ្របុគ្គលិកខាងក្រៅ ៧៨ នាក់ផ្សេងទៀត។ ភាគច្រើននៃក្រុមការងាររបស់ MJP​​ រស់នៅក្នុងភូមិនានានៃតំបន់គោលដៅ។ ប្រការនេះជួយអោយយើងមានការទំនាក់ទំនងដោយផ្ទាល់ជាមួយគ្រប់សហគមន៍ទាំងអស់ និងធ្វើការរួមគ្នាដើម្បីធ្វើប្រសើរឡើងនូវជីវភាពរបស់ពួកគេ។ ការិយាល័យធំ MJP មានទីតាំងនៅទីរួមខេត្តបាត់ដំបង ហើយការិយាល័យសាខារបស់យើងគឹនៅក្នុងឃុំសំឡូត។
ស្ថាបនិករបស់យើង
អ្នកស្រី អេនជេលីណា ជូលី (Angelina Jolie) បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា លើកដំបូងក្នុងឆ្នាំ២០០០ ពេលដែលគាត់ផលិតខ្សែភាពយន្តរឿង Tomb Raider។ គាត់បានជាប់ចិត្តជាមួយសម្រស់នៃប្រទេសកម្ពុជា ភាពអត់ធន់រាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ១ឆ្នាំក្រោយមក គាត់បានត្រលប់មកវិញជាមួយនឹងកម្មវិធីរបស់ឧត្តមស្នងការជនភៀសខ្លួននៃអង្គកាសហប្រជាជាតិ (UNHCR)។​ ក្នុងឆ្នាំ២០០៣ គាត់បានបង្កើតកម្មវិធីអភិវឌ្ឍន៍ឈ្មោះម៉ាដក្សចូលីភីត ដែលមកដល់ថ្ងៃនេះបានក្លាយជា មូលនិធិម៉ាដក្សចូលីភីត Maddox Jolie-Pitt Foundation (MJP).

ការងារអភិរិក្ស

តំបន់ព្រៃត្រូពិចចុងក្រោយក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវបានគំរាមកំហែងដោយការកាប់ឈើខុសច្បាប់ ការទន្ទ្រានយកដី និងការបរបាញ់សត្វព្រៃ។ មូលនិធិ​អេមចេភី (MJP) បានធ្វើការងារជាមួយក្រសួងបរិស្ថានដើម្បីអភិរក្សប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់​ និងពោរពេញទៅដោយជីវៈចម្រុះនេះ។ យើងបានផ្តល់ថវិកាគាំទ្រការងារក្រុមឧទ្យានុរក្សក្នុងតំបន់សំឡូត ធ្វើការជាមួយសាលារៀននានាដើម្បីការពារបរិស្ថានធម្មជាតិរបស់ពួកគេ ព្រមទាំងចែករំលែកបទពិសោធន៍ផ្នែកបរិស្ថានជាមួយសហគមន៍នានាក្នុងតំបន់ផងដែរ។

អានបន្ត

ការងារអប់រំ

ការបានចូលសិក្សាជាមួយគ្រូដែលមានជំនាញ គឺនៅមានកំរិតនៅឡើយក្នុងតំបន់ជនបទនៃប្រទេសកម្ពុជា។ MJP បានសហការជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន១០ ដើម្បីបង្កើនគុណភាពអប់រំ វិធីសាស្ត្របង្រៀន និងជួយបំពាក់បរិក្ខាសាលារៀន។ កម្មវិធីអប់រំរបស់យើងបានជួយសិស្សចំនួន ១៥,០០០នាក់ ផ្តល់សៀវភៅសិក្សាតាមថ្នាក់រៀន គាំពារបណ្ណាល័យ​តាមសាលារៀន និងបណ្ណាល័យចល័ត បង្កើតឲ្យមានថ្នាក់អក្ខរកម្ម និងក្លិបអានសៀវភៅ។

អានបន្ត

សេដ្ឋកិច្ចសហគមន៍

៨០% នៃប្រជាជនក្នុងស្រុកសំឡូត រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រអន្តរជាតិ ហើយការជំពាក់បំណុល គឺជាបញ្ហាចំបងមួយរបស់ពួកគេ។ កម្មវិធីឥណទានខ្នាតតូចដែលអនុវត្តដោយសហគមន៍បានបង្កើតក្រុមសន្សំ ផ្តល់កម្ចីតូចៗ និងការពិគ្រោះយោបល់ផ្នែកហរិញ្ញវត្ថុ ដល់គ្រួសារដែលក្រីក្របំផុតក្នុងភូមិចំនួន៧។ ដោយផ្តល់កំចីគ្មានការប្រាក់ ការគាំទ្រនិងការបង្ហាត់បង្រៀន យើងបានជួយដល់បុគ្គល និងសហគមន៍ក្រីក្រ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទុនបង្វិលរបស់ពួកគេ។

អានបន្ត

ការងារកសិកម្ម

ប្រមាណជា៨០% នៃប្រជាជនដែលរស់នៅតាមជនបទក្នុងប្រទសកម្ពុជា ប្រកបមុខរបរកសិកម្ម។ ភាពក្រីក្រក្នុងចំណោមពួកគេមានកំរិតខ្ពស់ ហើយការបានទទួលរបបអាហារដែលមានជីវជាតិ និងសុវត្ថិភាព នៅតែជាបញ្ហាសំរាប់គ្រួសារភាគច្រើន។ ការធ្វើអោយប្រសើរឡើងនូវសន្តិសុខស្បៀង និងរបបជីវជាតិគ្រប់គ្រាន់ គឺជាស្នូលនៃការងារកាត់បន្ថយភាពក្រីក្ររបស់​MJP។ យើងផ្តល់ការបណ្តុះបណ្តាលដែលអាចអនុវត្តបានទៅកាន់កសិករ និងសហគមន៍ដើម្បីជួយពួកគេ ប្រើប្រាស់អោយបានល្អបំផុតចំពោះការចិញ្ចឹមសត្វ ដីធ្លី និងធ​នធានរបស់ពួកគេ។

អានបន្ត

ការងារសុខាភិបាល

មូលនិធិ​អេមចេភី (MJP) ជួយផ្តល់ការថែទាំសុខភាពប្រកបដោយនិរន្តរភាពដល់សហគមន៍តាមរយៈ មណ្ឌលសុខភាព ចំនួន២កន្លែង មន្ទីរសម្ភព១ ព្រមទាំងការចុះអប់រំសុខភាពនិងព្យាបាលនៅតាមសហគមន៍ ដោយចាប់ការងារជាដៃគូរជាមួយអាជ្ញាធរមូលដ្ឋាន។ យើងបានគាំទ្រលើការផ្តល់សេវាសុខភាពមាតានិងទារក ការកាត់បន្ថយអត្រាស្លាប់របស់កុមារ និងជំងឺខ្វះអាហារូបត្ថម្ភ ការថែទាំសុខភាពធ្មេញនិងភ្នែក ការណែនាំពីអនាម័យខ្លួនប្រាណ និងការបណ្តុះបណ្តាលសំរាប់លោកគ្រូអ្នកគ្រូ និងប្រធានសហគមន៍។

អានបន្ត

ការពង្រឹងអំណាចស្ត្រី

មូលនិធិ​អេមចេភី (MJP) តាំងចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងសិទ្ធិអំណាច និងសមភាពភាពចំពោះស្រ្តី និងយុវតី។ យើងបានធ្វើការងារជាមួយអ្នកតំណាងស្ត្រីនៅមូលដ្ឋានដើម្បីរៀបចំយុទ្ធនាការយល់ដឹងពីសមភាពយេនឌ័រ ប្រឆាំងនិងអំពើហឹង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ព្រមទាំងជំរុញការអនុវត្តជាវិជ្ជមានសម្រាប់សុខភាពស្ត្រីផងដែរ។ យើងបានជួយផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវតីដែលងាយរងគ្រោះ និងគាំទ្របន្ថែមគ្រួសារក្រីក្រដែលមានមេគ្រួសារជាស្ត្រីផងដែរ។

អានបន្ត

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានប្រវត្តិសំបូរបែប តាំងពី២០០០ឆ្នាំមុន នៃមហាអាណាចក្រខ្មែរ។ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន គឺជាភស្តុតាងនៃអំណាចនិងធនធានដ៏រុងរឿង ព្រមទាំងសិល្បៈនិងវប្បធម៌ ដ៏សំបូរបែប នៃអាណាចក្រមួយនេះ។ ប្រវត្តិនៃប្រទេសកម្ពុជាត្រូវបានធ្វើឲ្យអាប់ឳនដោយការដឹកនាំនៃរបបខ្មែរក្រហម ដែលត្រូវបានចាត់ទុកជារបបមនុស្សឃាតដ៍អាក្រក់បំផុតមួយនៃសតវត្សទី២០។ នៅក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ របបខ្មែរក្រហមបានឆក់យកជីវិតស្ទើរតែ ១ភាគបួន នៃប្រជាពលរដ្ឋខ្មែរទាំងមូល។ ប្រទេសកម្ពុជានៅបន្តរងផលវិបាកនៃអតីតកាលដ៍ជូរចត់នៅឡើយ ប៉ុន្តែក៍ជាប្រទេសដែលមានសម្រស់ដ៏កក់ក្តៅ ធន់ទ្រាំ និងមានអនាគតពោរពេញដោយក្តីសង្ឃឹម។

កម្ពុជាគឺជាប្រទេសកី្រក្រមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចក្នុងពិភពលោក ដោយផ្អែកលើកត្តាអាហារ សុខភាព និងការអប់រំ។ ប្រជាជនកម្ពុជាភាគច្រើនរស់នៅក្នុងតំបន់ជនបទ។ យោងទៅតាមទិន្នន័យធនាគារពិភពលោក ៧៩% នៃប្រជាពលរដ្ឋទាំងមូលមិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ និង ៥៨% មិនទាន់ទទួលបានសេវាអនាម័យនៅឡើយ។ កម្ពុជាកំពុងមានកំណើនគួរកត់សំគាល់លើជីវភាពរស់នៅ សេវាសុខភាពមាតានិងទារក និងកម្មវិធីអប់រំបឋមនៅតាមជនបទ។

ចំការ មីន ការអភិវឌ្ឍន៍ត្រូវបានពន្យឺតដោយគ្រាប់មីនរាប់លានគ្រាប់ បន្សល់ទុកពីទសវត្ស១៩៧០ និង១៩៨០ ដែលនៅរាយប៉ាយនៅតាមតំបន់ជនបទនានានៃប្រទេស។ គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ នៅកំពុងគ្របដណ្តប់ប្រមាណជា ១,៧០០គីឡូម៉ែត្រក្រឡាក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែគំរាមកំហែងដល់ជីវិតមនុស្សសត្វ គ្រាប់មីនបានរាំងស្ទះការអភិវឌ្ឍន៏ ដោយកំហិតដល់ការប្រើប្រាស់ដីធ្លី ប្រភពទឹក ផ្លូវថ្នល់ សេវាសុខភាព និងអប់រំផងដែរ។

កម្ពុជាមានភ័ព្វទទួលបាននូវធនធានធម្មជាតិច្រើនយ៉ាង និងជាប្រទេសមួយចំណោមប្រទេសដែលសំបូរជីវៈចម្រុះ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើរបស់ប្រទេសនេះ គឺជាជម្រករបស់ប្រភេទសត្វកម្រជាច្រើន ដែលបានបាត់បង់ពីប្រទេសជិតខាង។ ប៉ុន្តែបរិស្ថានដ៏សំបូរបែបនេះកំពុងស្ថិតក្រោមការគំរាមកំហែងពីការកាប់ព្រៃឈើ ជីករ៉ែ បរបាញ់ និងការទន្ទ្រានដីកសិកម្ម។ ការបន្តបាត់បង់នៃព្រៃឈើ និងជម្រកធម្មជាតិ នឹងបង្កផលប៉ះពាល់ដល់សត្វព្រៃ និងប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាន ដែលកំពុងរស់នៅក្នុងតំបន់ដាច់ស្រយាល ហើយពឹងផ្អែកលើដីធ្លី ឬធនធានធម្មជាតិ។ កិច្ចអភិរក្សគឺជាកិច្ចការចាំបាច់សំរាប់ជីវភាពរស់នៅជនបទ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីចម្រុះ។

គម្រោងស្តារព្រៃសហគមន៍
កិច្ចសហការជាដៃគូជាមួយ មជ្ឈមណ្ឌលអន្តរជាតិសម្រាបការគ្រប់គ្រងបរិស្ថាន(ICEM) បានផ្តល់ឳកាសឲ្យមូលនិធិMJP បន្ថែមទៅក្នុងកម្មវិធីនានារបស់ខ្លួន នូវគម្រោងដ៏ល្អមួយ ដែលឆ្លើយតបបានទាំងព្រមចំពោះកិច្ចអភិរក្សធម្មជាតិ និងលើកស្ទួយជីវភាពសហគមន៍។

គ្នុងគោលបំណង បង្ហាញជូនដល់សហគមន៍ទាំងឡាយ នូវវិធីសាស្ត្រជាគម្រូមួយ ក្នុងការស្តារព្រៃសហគមន៍ គម្រោងបានជ្រើសរើសយកសហគមន៍ព្រៃឈើចំនួនបី ឲ្យចូលរួមសិក្សានិងអនុវត្តគម្រោង។ តាមរយៈនេះ សហគមន៍ទាំងបី និងក្រុមឧទ្យានុរក្ស បានទទួលនូវការបណ្តុះបណ្តាល និងអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រគ្រប់គ្រងថ្នាលបណ្តុះកូនឈើ វិធីការពារចម្រោះដីនៅទីជម្រាល កសិរុក្ខកម្ម និងមុខរបរបង្កើនចំណូលមួយចំនួនទៀត ដែលមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ។

ក្នុងរយៈពេល១៨ខែ គម្រោងអនុវត្តបានសម្រេចនូវទីតាំងដាំស្តារព្រៃចំនួន៣ ដែលមានកូនឈើដាំថ្មីជាង១ម៉ឺនដើម ថ្នាលបណ្តុះកូនឈើសហគមន៍ចំនួន៣ និងថ្នាលមានស្រាប់របស់ក្រុមឧទ្យានុរក្ស១កន្លែងត្រូវបានកែលម្អនិងពង្រីកបន្ថែម។ ថ្នាលទាំង៤នោះ បានផលិតនិងចែកចាយកូនឈើសរុប ជាង៣ម៉ឺន​ដើមក្នុងរដូវដាំដុះនេះ។ កសិករជាង២០នាក់ និងសិស្សសាលា៥០នាក់ បានទទួលការបង្ហាត់បង្ហាញអំពីវិធីសាស្ត្រចិញ្ចឹមឃ្មុំ ហើយសិស្សជំទង់១២០នាក់ផ្សេងទៀត បានទទួលការអប់រំពិសេសអំពីបរិស្ថានធម្មជាតិ ដោយបានចូលរួមយ៉ាងសកម្មក្នុង យុទ្ធនាការនានាស្តីពីបរិស្ថាន។

យើងរួមសហការគ្នា ក្នុងការធានាឲ្យស្មារតី​និងគម្រូដ៏ល្អ នៃគម្រោងនេះ ត្រូវបានរក្សានិងពង្រីកបន្តទៅទៀត។ វីដេអូគម្រោង ICEM

ខួប២០ឆ្នាំនៃមូលនិធិ ម៉ាដក្សចូលីភីត
យើងខ្ញុំ​សូមសំដែង​នូវអំណរគុណ​ជាអនេក ចំពោះក្រុមការងារ និងក្រុមឧទ្យានុរក្ស​ទាំងអស់នៃ​មូលនិធិម៉ាដក្សចូលីភីត។

យើងបានចាប់ផ្តើមការងារនៃមូលនិធិនេះ កាលពី២០ឆ្នាំមុន ដោយផ្តោតលើការងារ​​បោសសំអាតមីន​ដែលបន្សល់ពីសង្គ្រាម ព្រមទាំងកសាងមណ្ឌល​សុខភាព និង​សាលារៀនដំបូងៗ​នៃស្រុកសំឡូត។ បច្ចុប្បន្ននេះ យើងកំពុងផ្តោត​កិច្ចសហការលើ ការលើស្ទួយ​ជីវភាព​សហគមន៍ និងប្រឹងប្រែង​ការពារ​តំបន់​ព្រៃទឹកភ្លៀង​រាប់ម៉ឺនហិកតា ទប់ទល់នឹង​សកម្មភាព កាប់ឈើ រុករានដី និងប្រម៉ាញ់សត្វព្រៃ ក្នុងតំបន់សំឡូត​។​ យើងខ្ញុំយល់ថា វាជាភ័ព្វសំណាងណាស់ ដែលមានឳកាស បានរួមការងារ ជាមួយអ្នកទាំងអស់គ្នា។​ ជាមួយគ្នា យើងបានបង្ហាញ​​នូវសារៈសំខាន់ និងជោគជ័យ នៃអង្គការមួយ​​​ដែលប្រតិបត្តិការ​ទាំងស្រុង ​ដោយសហការីជាតិកម្ពុជា។ ជួនកាល​យើងប្រឈម​នឹងការលំបាក ហើយត្រូវបាត់បង់​ផ្ទៃដីព្រៃខ្លះ ប៉ន្តែយើងមិនបាន​បោះបង់ឆន្ទៈឡើយ យើងនៅតែបន្តទៅមុខ។ យើងខ្ញុំ មានមោទនភាព​ក្រៃលែង ​ដោយបានធ្វើការរួមជាមួយអ្នកទាំងអស់គ្នា! មិថុនា​ ២០២៤

ដោយក្តីស្រឡាញ់ពី អេនជី និងម៉ាដក្ស

យុទ្ធនាការអន្ទាក់សូន្យ
តំបន់អាស៊ីអាគ្នេយ៍ គឺជាភូមិសាស្តដែលសម្បូរទៅដោយជីវចម្រុះនានា ច្រើនជាងគេលើផែនដីយើងនេះ។ ភាពរីករាលដាលនៃការប្រើអន្ទាក់ចាប់សត្វគ្រប់ប្រភេទ បានក្លាយជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ ដល់លំនឹងបរិស្ថានក្នុងតំបន់នេះ។ អន្ទាក់ គឺជាឧបករណ៍ឆ្មក់ចាប់សត្វ ដែលមានមាត់ច្រកបត់បែនបាន ធ្វើអំពីខ្សែកាបខ្នាតតូច ខ្សែលួស ឬក៏ខ្សែនីឡុង ហើយវាជាបច្ច័យដ៏ចំបងមួយក្នុងការធ្វើឲ្យបរិមាណសត្វព្រៃថយចុះយ៉ាងគំហុក។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំទទួលបានដំណឹងល្អមួយ យកមកចែករំលែកជូននៅពេលនេះ។ យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានផ្តួចផ្តើមឡើងនៅកម្ពុជា កាលពីឆ្នាំទៅ ហើយបានរួមចំណែក កាត់បន្ថយអន្ទាក់គ្រប់ប្រភេទ ជាង ៤០% រឹបអូសកាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្វប្រមាណជា៥០% ចេញពីតំបន់ព្រៃការពារនានា រាប់ទាំងតំបន់មួយដែលគ្រួសារខ្ញុំ បានចូលរួមចំណែកជួយការពារអស់ជាង២០ឆ្នាំកន្លងទៅនេះ ដើម្បីទប់ស្កាត់ការបំផ្លាញព្រៃធម្មជាតិ និងសត្វព្រៃ។ ក្រុមការងារ បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតាមទីតាំងនានាក្នុងព្រៃដើម្បីសង្កេតមើលសត្វព្រៃ ហើយបានផ្ញើមកឲ្យខ្ញុំនូវរូបភាពថ្មីៗទាំងនេះ។ ខែកក្កដា ២០២៣

#ZeroSnaringCampaign​ #Cambodia #StopTheSnares

មូលនិធិអេមចេភីចូលរួមអបអរទិវាឃ្មុំពិភពលោក
នៅឆ្នាំ២០១៧ អង្គការសហប្រជាជាតិ បានអនុមតិយកថ្ងៃទី២០ខែឧសភា ជា​ទិវា​ឃ្មុំ​ពិភពលោក​។ យើង​យល់​ច្បាស់អំពីសារៈសំខាន់របស់ឃ្មុំ ចំពោះប្រទេសកម្ពុជា ក៏ដូចជាចំពោះពិភពលោកទាំងមូល ក្នុង​ការ​ផ្តល់​សេវាជួយចម្លងកេសរបង្កាត់ពូជ ឲ្យដល់រុក្ខជាតិគ្រប់ប្រភេទ និង​ជួយរក្សា​ប្រព័ន្ធ​ផលិត​ស្បៀង​របស់​មនុស្ស​ឲ្យស្ថិតស្ថេររឹងមាំ។ យើងក៏បានដឹងយ៉ាងច្បាស់ថា ឃ្មុំនិងពពួក​ភមរជាតិ​នានា បាន​និង​កំពុង​ទទួល​រងនូវការគំរាមកំហែងពីការបាត់បង់ទីជម្រក ថ្នាំគីមី​​សម្លាប់សត្វល្អិត និងការ​ប្រែប្រួល​អាកាស​ធាតុ ។

យើងមានកម្មវិធីឃ្មុំតាំងពីឆ្នាំ២០១០មក ដោយដំបូងឡើយយើងមានកម្មវិធីគាំទ្រការប្រមូលទឹកឃ្មុំព្រៃ ហើយ​បច្ចុប្បន្ននេះយើងមានកម្មវិធីចិញ្ចឹមឃ្មុំនៅស្រុកសំឡូត។ នៅឆ្នាំ២០១៩ លោកស្រី អែនចេលីណា ចូលី ជាប្រធានមូលនិធិអេមចេភី បានចាប់ដៃគូជាមួយក្រុមហ៊ុនហ្គើរ៍ឡាំង និងអង្គការយូណេស្កូ ហើយ​​បាន​ទទួល​ងារជា «ម្តាយធម៌របស់កម្មវិធីស្រ្តីដើម្បីឃ្មុំ»។ អង្គការ​យូណេស្កូ កំពុង​គាំទ្រ​កម្មវិធី​ស្រ្តីនិង​ការ​អភិរក្ស​ឃ្មុំ នៅក្នុងឋបនីយជីវមណ្ឌល នៃ​តំបន់អង្គរ​ក្នុងខេត្តសៀមរាប ហើយ​ក៏បានផ្តល់ វគ្គ​ហ្វឹកហ្វឺន​ជា​មូលដ្ឋាន​អំពីការចិញ្ចឹមឃ្មុំ ដល់​ស្រ្តីនៅស្រុកសំឡូត​ផងដែរ។

ឆ្នាំ២០២២​នេះ មូលនិធិអេមចេភី បានបន្ថែមការយកចិត្តទុកដាក់ដល់ការអភិរក្សសត្វម្រោម ដែល​ជា​ភមរ​ជាតិក្នុងស្រុក មួយប្រភេទ​គ្មានទ្រនិច មានខ្លួនតូច ហើយត្រូវបាន​គេស្គាល់ដោយសារ​​គុណ​ប្រយោជន៍​ដ៏ពិសេស​នៃ​ទឹក​របស់វា គឺទឹកម្រោម។ អេមចេភីមសង្ឃឹមថា ការបន្ត​កម្មវិធី​ចិញ្ចឹមឃ្មុំ​ជាមួយ​ស្រ្តីក្រីក្រ នឹងជួយ​ពួក​គេ​ឲ្យ​​មានមុខរបរឯករាជ កាត់បន្ថយការប្រើប្រាស់ថ្នាំគីមី ចូលរួមការពារព្រៃឈើ បង្កើន​ការយល់ដឹង​អំពីគុណតម្លៃ នៃធនធានព្រៃឈើធម្មជាតិ ក្នុងចំណោមរបស់ស្រ្តីវ័យក្មេង និង​សមាជិក​សហគមន៍ របស់​ពួកគេ ។ ឧសភា ២០២២

យើងការពារធនធានព្រៃឈើកម្ពុជា
ធនធានព្រៃឈើនៅកម្ពុជា ជាចំណែកមួយដ៏សំខាន់នៃបណ្តាញជម្រកសត្វព្រៃកម្រ និងជីវៈចម្រុះនានា​ នៃតំបន់អាស៊ីអាគ្នេយ៍។​ ដូចយើងបានដឹងហើយថា មិនខុសគ្នាពីតំបន់ព្រៃធម្មេជាតិនានានៅលើពិភពលោកដែរ ធនធានព្រៃឈើ និងជីវចម្រុះនៅកម្ពុជា កំពុងស្ថិតក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ សោភ័ណភាពដ៏ស្រស់ត្រកាលនៃតំបន់ព្រៃធម្មជាតិ និងប្រព័ន្ធបរិស្ថានធម្មជាតិ (អេកូឡូហ្ស៊ី) នានា​នៅកម្ពុជា រួមមានទាំងប្រព័ន្ធស្ទឹង បឹង និងទន្លេនានា​ ពិសេសបឹងទន្លេសាប សុទ្ធសឹងតែជាធនធានដ៏អស្ចារ្យគួរឲ្យស្ញប់ស្ញែង ។ មូលនិធីអេមចេភី បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន ដើម្បីជួយគាំទ្រដល់ក្រុមឧទ្យានុរក្សក្នុងការយាមល្បាតការពារព្រៃនៅតំបន់សំឡូត ។

កញ្ញា អំ ចាន់នួន ដែលជាឧទ្យានុរក្សស្រ្តីមួយរូប នៃអង្គភាពរបស់យើង ។ នាងមានប្រវត្តិផ្ទាល់ខ្លួន ដ៏គួរឲ្យកោតសរសើរណាស់។ ជាយុតីនៃតំបន់ជនបទដាច់ស្រយ៉ាលម្នាក់ ដែលមិនបានទាំងរៀនចប់ថ្នាក់វិទ្យាល័យផង ប៉ុន្តែនាងមានទឹកចិត្តស្រឡាញ់ធម្មជាតិជ្រាលជ្រៅ ហើយរីករាយទទួលយកឯកសណ្ឋានជាឧទ្យានុរក្ស ប្រដាប់ដោយកាំភ្លើងដៃ ចេញយាមល្បាតធនធានបរិស្ថាន នៃស្រុកកំណើតរបស់ខ្លួន។ នាងបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអប់រំសហគមន៍ សិស្សានុសិស្ស និងព្រះសង្ឃ ឲ្យយល់ពីតម្លៃបរិស្ថានធម្មជាតិ ហើយចូលរួមស្តារនិងការពារ។ ក្នុងកំឡុងពេល៥ឆ្នាំចុងក្រោយនេះ ក្រុមឧទ្យានុរក្សនៃតំបន់សំឡូត បានចុះល្បាតជិត៥០០០ដង ហើយរកឃើញនិងបង្រ្កាបបទល្មើសជាង៨០០ករណី ដោយចាប់បានជនល្មើស៣៦០នាក់។

កញ្ញាចាន់នួន បានតាំងចិត្តបង្ហាញឲ្យសហគមន៍ឃើញថា ស្រ្តីអាចធ្វើកិច្ចការគ្រប់យ៉ាងបានដូចជាបុរសដែរ ហើយនាងក៏ចង់ក្លាយខ្លួនជាគម្រូដល់ស្រ្តី និងយុវតីនានា ក្នុងសហគមន៍របស់នាងផងដែរ។ កញ្ញាបានពោលថា «យុវជនត្រូវតែប្រឹងប្រែងចូលរួម ការពារនិងទប់ស្កាត់ចលនាបំផ្លាញសម្បត្តិធម្មជាតិ ដែលកំពុងតែកើតឡើងនៅជុំវិញខ្លួនពួកគេ ដើម្បីអាចជួយបញ្ចៀសមហន្តរាយនេះ កុំឲ្យហួសពេលទាន់» ។ តុលា ២០២១

ការចងចាំស្មារតីនៃទិវាបរិស្ថានពិភពលោក
ថ្វីត្បិតតែក្នុងឆ្នាំ២០២១នេះ ក្រុមការងារនៃមូលនិធិអេមជេភី ក៏ដូចជាសហគមន៍នានា ត្រូវអនុវត្តន៍វិធានការការពារោគកូវីដ​-១៩ ដោយកាត់បន្ថយការជួបជុំនានា តែយើងក៏នៅរំលឹកនិងអនុវត្តនូវស្មារតីនៃទិវាបរិស្ថានពិភពលោក ដោយបានរៀបចំព្រឹត្តិការណ៍ដាំកូនឈើ​ ក្នុងលក្ខណៈជាក្រុមតូចៗ នៅស្រុកសំឡូតខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។​  ក្នុងព្រឹត្តិការណ៍នេះ មានអ្នកចូលរួម នៅទីតាំងផ្សេងៗគ្នា​ សរុបជាងមួយរយនាក់ ដែលក្នុងនោះមានឧទ្យានុរក្ស បុគ្គលិកនិងមន្រ្តីរបស់មន្ទីរបរិស្ថានខេត្តប៉ែលិន និងបុគ្គលិករបស់មូលនិធីអេមចេភីផងដែរ។​ ក្នុងទិវានេះ កូនឈើជាង១៣០០ដើម ដែលក្នុងនោះមានឈើហូបផ្លែ ឈើប្រភេទកម្រ និង ឈើប្រភេទផ្កាលំអ ត្រូវបានចែកចាយយកទៅដាំ នៅតាមទីតាំងផ្សេងៗ។

នៅថ្នាក់ជាតិ ក្រសួងបរិស្ថានបានប្រារព្ធទិវាបរិស្ថានពិភពលោក​ ក្រោមប្រធានបទ​ «ជីវៈចម្រុះនិងសុខភាពមនុស្ស» ។  ឯ.ឧ. សាយ សំអាល​​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ក្រសួងបរិស្ថានបានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយនិងជំរុញឲ្យមានការចូលរួម សកម្មភាពអនាម័យបរិស្ថាន ការដាំកូនឈើ និង​​ ការទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ ដោយជៀសវាងការដុត ឬការគ្រប់គ្រង់កាកសំណល់បែបមិនត្រឹមត្រូវ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្សសត្វ និងខូចគុណភាពបរិស្ថាន ។

បច្ចុប្បន្ន មូលនិធិអេមជេភី កំពុងគាំទ្រថ្នាលបណ្តុះកូនឈើចំនួនប្រាំមួយកន្លែង ក្នុងនោះប្រាំថ្នាលជារបស់សហគមន៍ និងពីរកន្លែង ស្ថិតក្នុងទីស្នាក់ការមូលនិធិអេមចេភីផ្ទាល់​។ ក្នុងថ្នាលទាំងនោះ មានកូនឈើចំនួនជាង៧៤០០ដើម ពូជផ្សេងៗគ្នាច្រើនប្រភេទ  ដែលមានអាយុធំល្មមដើម្បីយកទៅដាំក្នុងរដូវភ្លៀងនេះ  ។ ទិវាបរិស្ថាន គឺជាពេលចាប់ផ្តើមសកម្មភាពដាំកូនឈើ ។

ដើម្បីរួមចំណែកដល់ការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មូលនិធិអេមចជភី បាននិងកំពុងសហការគ្នាជាមួយដៃគូនៅមូលដ្ឋាន ជាមួយនឹងក្រុមឧទ្យានុរក្ស សមាជិកសហគមន៍ ព្រះសង្ឃ គ្រូបង្រៀននិង សិស្សានុសិស្ស រៀបចំព្រឹត្តិការណ៍អប់រំនិងលើកកំពស់ការយល់ដឹងអំពីបរិស្ថាន ។ ការអភិរក្សព្រៃធម្មជាតិ និងស្តារស្ថានភាពគម្របបៃតងឲ្យប្រសើរឡើងនៅតំបន់សំឡូតនេះ គឺជាបំណងអាទិភាពរបស់លោកស្រី អេនជីលីណា ចូលី ដែលជាស្ថាបនិកនៃមូលនិធិអេមចេភី ។ កក្កដា​ ២០២១

ហ្វូងដំរី ក្នុងព្រៃសំឡូត
កាលពីសម័យមុនសង្រ្គាម ព្រៃសំឡូតធ្លាប់ត្រូវបានអ្នកស្រុកជិតៗនោះហៅថា «ព្រៃដំរី១០០» ដ្បិតវាជាជម្រកធម្មជាតិរបស់ដំរីព្រៃអាស៊ីហ្វូងធំៗ ។ មនុស្សជាច្រើនជឿថា ដោយសារតែវាផ្អើលខ្លាចសង្រ្គាម សម្លេងមីនផ្ទុះនិងការកាប់រុករានព្រៃឈើ ក្នុងតំបន់នេះ ហ្វូងដំរីទាំងនោះបានផ្លាស់ទីចេញពីជម្រករបស់វាទៅរស់នៅព្រៃក្នុងប្រទេសថៃដែលស្ថិតជាប់នឹងព្រំដែនព្រៃសំឡូត ។ មានការសង្ស័យថា ព្រៃសំឡូត ឬ​ព្រៃដំរី១០០ នេះប្រហែលជាលែងមានវត្តមានសត្វដំរីទៀតហើយ ។ ក្នុងរយៈកាលប្រាំឆ្នាំចុងក្រោយនេះ ក្រុមអភិរក្សបរិស្ថាន បានរកឃើញភ័ស្តុតាងជាច្រើន ដែលអាចបញ្ជាក់ថា នៅមានហ្វូងដំរីកំពុងរស់នៅ និងឆ្លងកាត់ទៅមកក្នុងតំបន់ព្រៃសំឡូតនៅឡើយ ។

នៅពាក់កណ្តាលឆ្នាំ២០១៨ អ្នកភូមិអូរស្លែវ ដែលមានចំងាយប្រហែលពី ៧គម. ទៅ ១០គម. ខាងលិចទីស្នាក់ការអេមចេភីប្រចាំស្រុកសំឡូត បានរាយការណ៍ថា ពួកគេបានឃើញដំរីមួយហ្វូងតូចដែលមានចំនួនប្រហែលពី៣ទៅ៥ក្បាលកំពុងស៊ីចំណីក្បែរដងអូរ ។ នៅខែមេសា ឆ្នាំ២០១៩ មានដំរីមួយហ្វូងទៀតត្រូវបានគេឃើញនៅជិតការដ្ឋានធ្វើផ្លូវតាមបណ្តោយព្រំដែនថៃ-ខ្មែរ ចំងាយប្រហែល១៥គម. ខាងលិចក្រុងប៉ៃលិន ។ នៅខែមករាឆ្នាំ២០២០ មានដំរីមួយហ្វូងធំត្រូវបានគេឃើញដើរឆ្លងពីខាងទឹកដីថៃចូលមកក្នុងទឹកដីកម្ពុជានៅច្រក៤០០ ចំងាយប្រហែល២០គម. ខាងលិចឈៀងខាងត្បូងស្នាក់ការអេមចេភី ។  ហើយនៅខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដឹកនាំដោយកញ្ញា រ៉ាចែល គ្រូធើរ៍  សហការជាមួយមូលនិធិអេមចេភី បានស្រាវជ្រាវរកឃើញដានជើង និងអាចម៍ដំរីថ្មីៗ នៅជាច្រើនកន្លែងក្នុងតំបន់ព្រៃការពារ សំឡូត​ ។

ក្រុមឧទ្យានុរក្សរបស់យើង​ នឹងបន្តតាមឃ្លាំមើល និងប្រមូលទិន្នន័យបន្ថែមទៀត អំពីវត្តមានរបស់ដំរីក្នុងព្រៃសំឡូត ។ លោក ឡុង ឡែន មន្ត្រីកម្មវិធីគ្រប់គ្រងធនធនធម្មជាតិរបស់អេមចេភី បានថ្លែងថា៖​ «តំបន់ការពារនៅសំឡូត នៅតែជាជម្រកដ៏មានសក្តានុពលសំរាប់ដំរី និងសត្វព្រៃផ្សេងៗទៀត ។ ការសិក្សាអង្កេតលំអិតមួយអំពីសត្វព្រៃដោយប្រើកាមេរ៉ាស្វ័យប្រវត្តិ និងដ្រូន នឹងអាចជួយផ្តល់ភស្តុតាងបន្ថែម អំពីចំនួនដំរីនិងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» ។  ការប្រមូលរកភស្តុតាងបន្ថែមនេះ នឹងត្រូវបានធ្វើឡើង តាមរយៈការសិក្សាអង្កេតជីវចម្រុះមួយ ដែលគ្រោងចុះអនុវត្តក្នុងកំឡុងពេលប្រាំមួយខែខាងមុខនេះ ក្រោមកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន អង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ​ និង មូលនិធិអេមចេភី ។ កក្កដា ២០២១

ការងារអភិរក្សសត្វព្រៃក្នុងពេលមានវិបត្តិកូវិដ១៩
មេរោគកូវិដ១៩ ដែលមានប្រភពមកពីការចាប់និងជួញដូរសត្វព្រៃ បច្ចុប្បន្ននេះកំពុងបង្កផលប៉ះពាល់យ៉ាងជាក់ស្តែង ចំពោះការងារអភិរក្សសត្វព្រៃ របស់ប្រទេសជាច្រើនទូទាំងតំបន់អាហ្វិ្រក និងអាស៊ី។ ជាសាកល ប្រាក់ចំណូលដែលបានពីទេសចរណ៍ធម្មជាតិ សម្រាប់យកមកគាំទ្រការងារ អភិរក្សសត្វព្រៃជាប្រព័ន្ធបានថយចុះ ហើយប្រជាជនក្នុងសហគមន៍ជាច្រើន ដែលបាត់បង់ប្រាក់ចំណូលដោយសារតែអស់ការងារធ្វើ និងមិនអាចចេញរកស៊ីឆ្ងាយពីផ្ទះបាន​ បានងាកមកធ្វើការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

ជាភ័ព្វសំណាង ទោះបីជាមានការរិតត្បិតលើការធ្វើដំណើរដែលបានដាក់ឲ្យអនុវត្តក្នុងពេលមានវិបត្តិនេះក្តី មូលនិធិ MJP បាននៅបន្តគាំទ្រក្រុមឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ឲ្យចុះល្បាតការពារសត្វព្រៃ និងព្រៃឈើក្នុងតំបន់អភិរក្សសំឡូតដូចធម្មតា។ ក្រុមឧទ្យានុរក្សក៏បានចុះអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃកម្រ ដល់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ លើសពីនេះ MJP បានស្តារស្រះធម្មជាតិមួយសម្រាប់រក្សាទឹកទុក និងបានដាំកូនឈើហូបផ្លែ នៅក្បែរតំបន់អភិរក្ស ដើម្បីជាជម្រកដល់សត្វព្រៃនៅរដូវប្រាំង។

ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ ក្រុមឧទ្យានុរក្សបានចុះរុះរើ និងរឹបអូស សម្ភារៈនិងឧបករណ៍ប្រម៉ាញ់ខុសច្បាប់ជាច្រើន រួមមានកាំភ្លើងកែច្នៃ អន្ទាក់ និងឧបករណ៍ឆក់សត្វ ពីពួកជនល្មើសបរបាញ់សត្វព្រៃ។ ជាមួយនេះ ក្រុមឧទ្យានុរក្សក៏បានជួយសង្រ្គោះសត្វព្រៃមួយចំនួនដូចជា ពស់ថ្លាន់ ពង្រូល ឈ្លូស អណ្តើក និងកេងកង ផងដែរ។

MJP មានគម្រោងបើកការសិក្សាស្រាវជ្រាវដ៏ពេញលេញមួយអំពីជីវៈចំរុះក្នុងតំបន់អភិរក្សសំឡូត នៅមុនដំណាច់ឆ្នាំ២០២០នេះ ដើម្បីបំពេញបន្ថែមលើដំណើរការនៃការធ្វើកំណត់តំបន់របស់ក្រសួងបរិស្ថានដែលកំពុង​ប្រព្រឹត្តទៅនៅទីនោះ។ កិច្ចការនេះ នឹងរួមចំណែកបង្កើននូវប្រសិទ្ធភាព នៃការងារអភិរក្សជាប្រព័ន្ធទៅលើព្រៃឈើ សត្វព្រៃ និងទីជម្រកជីវៈចម្រុះដ៏កម្ររបស់កម្ពុជា។ ខែតុលា ២០២០

ម៉ូតូថ្មីសម្រាប់ក្រុមឧទ្យានុរក្សសំឡូត
ក្នុងភាពជាដៃគូ​សហប្រតិបត្តិការ​​ជាមួយក្រសួង​បរិស្ថាន មូលនិធិអ៊ែមចេភី បានជួយការពារ​ព្រៃឈើធម្មជាតិ និងទីជម្រក​សត្វព្រៃ លើផ្ទៃដី​រាប់ពាន់​ហិកតា នៅក្នុង​ស្រុកសំឡូត​ដែលស្ថិត​នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។  ក្រុមឧទ្យានុរក្ស​ចម្រុះចំនួន​៥ក្រុម ដែលមាន​សមាជិក​ក្រុមជាមន្រ្តីឧទ្យានុរក្ស ​ក្រសួងបរិស្ថាន នគរបាល​ការពារ​ព្រំដែន​គោក និងកង​រាជអាវុធហត្ថ សម្រាប់ពង្រឹង​ការអនុវត្តន៍​ច្បាប់ការពារ​និងអភិរក្ស​ធនធាន​ធម្មជាតិ។ ក្រុមឧទ្យានុរក្ស​ទាំងនេះ ប្រើប្រាស់ម៉ូតូជាមធ្យោបាយសម្រាប់ចុះល្បាតនៅតាមទិសដៅ និងចំណុច​នានាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ពួកគេ។ កាលពីខែមេសា​កន្លងទៅនេះ មូលនិធិ​អ៊ែមចេភី បានផ្តល់​ម៉ូតូថ្មីចំនួន៥គ្រឿង ជំនួសឲ្យម៉ូតូចាស់ៗ ដែលត្រូវ​បានប្រើប្រាស់​មួយរយៈយូរមកហើយនោះ។

លោក យ៉ុង សារិទ្ធ ជាមន្ត្រីឧទ្យានុរក្សម្នាក់បាននិយាយថា ខ្ញុំមានសេចក្តីរំភើបណាស់ដែលបានទទួលម៉ូតូថ្មីទាំងនេះសម្រាប់ឲ្យក្រុមឧទ្យានុរក្សយើងប្រើប្រាស់ចុះល្បាតព្រៃ ពីព្រោះម៉ូតូចាស់ៗ លែងអាចប្រើប្រាស់សម្រាប់​បំពេញ​ការងារការពារព្រៃក្នុងតំបន់នេះបានទៀតហើយខែឧសភា ២០២០

អន្តរាគមន៍របស់អ៊ែមចេភី ឆ្លើយតបនឹងជម្ងឺកូវីដ-១៩
ក្រោយ​ទទួល​បាន​ពត៌មាន​អំពី​ករណី​ជម្ងឺ​កូវីដ-១៩ រាលដាល​មកដល់​ប្រទេស​កម្ពុជា​ភ្លាម អ៊ែមចេភី បានចាប់ផ្តើម​អនុវត្ត​សកម្មភាព​ចាំបាច់​នានា ដើម្បី​ជួយ​ការពារ​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ស្រុកសំឡូត ព្រមទាំង​បុគ្គលិក​អ៊ែមចេភី និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។​ ពត៌មានថ្មីៗ អំពីកូវីដ-១៩ ដែលទទួលបានពីប្រភពជាក់លាក់ផ្សេងៗ (ដូចជា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក) ត្រូវបានចែកចាយ​ជាទៀងទាត់​ដល់​បុគ្គលិក​ទាំងអស់។ មធ្យោបាយនិងសម្ភារៈចាំបាច់ សម្រាប់បញ្ចៀសការឆ្លងមេរោគ ត្រូវបានបំពាក់នៅតាមទី​ស្នាក់ការ​អ៊ែមចេភី និងចែកឲ្យបុគ្គលិក និងមន្ត្រីឧទ្យានុរក្សប្រើប្រាស់មានដូចជា អាល់កុលចេលលាងដៃ សាប៊ូ ម៉ាស់ ឧបករណ៍​វាស់​កំដៅជាដើម។ ក្រុម​សុខភាព​របស់​អ៊ែមចេភី កំពុងតែ​មមាញឹក​ក្នុង​ការចុះ​ផ្សព្វផ្សាយ​ពត៌មានសំខាន់ៗអំពីជម្ងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ តាមរយៈឧបកណ៍​បំពង​សំឡេង​​ចល័ត​​តាម​ទីប្រជុំជន ដូចជាសាលាស្រុក និងមណ្ឌលសុខភាព។ អ៊ែមចេភី ក៏បានបិតនិងចែកផ្សាយ​ផ្ទាំង​រូបភាព និង​ខិត្តប័ណ្ណ​ពន្យល់អំពី​វិធី​ការពារ​ការឆ្លងមេរោគកូវីដ-១៩ រាប់រយសន្លឹក នៅតាម​មណ្ឌល​សុខភាព ទីផ្សារ សាលាឃុំ និងវត្តអារាមជាដើម។ គ្រប់សកម្មភាពនានា របស់​អ៊ែមចេភី ដែល​តម្រូវ​ឲ្យមានការប្រជុំសហគមន៍ ឬការជួបជុំគ្នាជាក្រុម ត្រូវបាន​ពន្យាពេល​ទាំងអស់។ អ៊ែមចេភី បានបង្កើតផែនការបំរុងមួយសម្រាប់អន្តរាគមន៍ជួយសង្គ្រោះសហគមន៍​គោលដៅ ក្នុងករណី​ដែល​ស្ថានភាព​សង្គមនិងសេដ្ឋកិច្ច​ធ្លាក់ដុនដាប​​ខ្លាំង​ ហួសពីអ្វីដែលអាជ្ញាធរមូលដ្ឋានអាចដោះស្រាយបាន។ ខែមីនា ២០២០
សួនបន្លែគ្រួសារ
សន្តិសុខស្បៀង និងស្ថេរភាពប្រាក់ចំណូលគ្រួសារ ជាបញ្ហាប្រឈមដ៏ធំមួយរបស់កសិករក្រីក្រនៅក្នុងស្រុកសំឡូត។ អ៊ែមចេភី បានជួយគ្រួសារដែលមានផ្ទៃដីតិចតួច ដើម្បីលើកស្ទួយជីវភាពគ្រូសារតាមរយៈការធ្វើសួនបន្លែ។ ការដាំបន្លែសម្រាប់បរិភោគនិងលក់ វាអាចជួយបង្កើនអាហារដែលមានជីវជាតិសម្រាប់គ្រួសារ ក៏ដូចជាជួយផ្តល់ប្រាក់ចំណូលបន្ថែមដល់សមាជិកគ្រួសារដែលមិនមានការងារធ្វើប្រចាំថ្ងៃ។

ភឹម សុជា អាយុ៣៤ឆ្នាំ ជាគ្រួសារកសិករក្រីក្រមួយរស់នៅលើផ្ទៃដី ២០ម x ៨០ម ក្នុងភូមិបឹងរុន ដែលពីមុនគ្រួសារនេះ ពឹងលើប្តីលក់កម្លាំងពលកម្មស៊ីឈ្នួលគេសម្រាប់រកចំណូលគ្រួសារ។ ក្នុងរយៈពេល២ខែ អ៊ែមចេភីបានបណ្តុះបណ្តាលសុជា អំពីការរៀបចំសួនបន្លែគ្រួសារ និងបានផ្តល់គ្រាប់ពូជបន្លែ សម្រាប់ដាំនៅជុំវិញផ្ទះ មានដូចជា ខ្ទឹមស ននោង សណ្តែកកួរ ត្រកួន និងសាឡាត់។ គ្រាន់តែរយៈពេល២-៣ខែប៉ុណ្ណោះ គ្រួសារនេះមានបន្លែស្រស់ៗជាច្រើនសម្រាប់បរិភោគ និងលក់សន្សំប្រាក់បានចំនួន៣០០ដុល្លារ។ សុជា ក៏បានចែករំលែកបន្លែរបស់ឲ្យអ្នកជិតខាង ដែលមានចិត្តចង់ដាំបន្លែសម្រាប់ជាប្រភពចំណូលបន្ថែមដល់គ្រួសារផងដែរ។ សុជា មានផែន​ការពង្រីកសួនបន្លែបន្ថែមទៀត ដោយដាំដំណាំ ត្រសក់ ម្ទេស សណ្តែកគួរ សាឡាត់ ខ្ទឹម ប៉េងប៉ោះ ត្រឡាច និងននោង ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារបន្ថែមទៀត។

នៅឆ្នាំ២០២០នេះ អ៊ែមចេភី នឹងជួយបង្ហាត់បង្ហាញ និងផ្តល់ពូជបន្លែដល់កសិករក្រីក្រចំនួន១៥គ្រួសារបន្ថែមទៀត ដើម្បីជួយឲ្យពួកគាត់មានអាហារគ្រប់គ្រាន់ និងអាចរកបានប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារផងដែរ។ ខែមីនា ២០២០

ព្រឹត្តិការណ៍រត់ប្រណាំងដើម្បីសុខភាព ឆ្នាំ២០២០ នៅសហគមន៍សំឡូត
មួយឆ្នាំក្រោយពីយើងបានធ្វើរៀបចំព្រឹត្តការណ៍ រត់ប្រណាំងដើម្បីសុខភាពនៅសហគមន៍សំឡូត យើងក៏បានរៀបចំព្រឹត្តការណ៍នេះឡើងជាថ្មីម្តងទៀត កាលពីថ្ងៃទី៣០ ខែមករា នៅសាលាបឋមសិក្សាច្រាបក្រហម និងអនុវិទ្យាល័យមានជ័យ ដោយមានសិស្សានុសិស្សចំនួន៣២៥នាក់ ចូលរួម។

ព្រឹត្តការណ៍នេះរៀបចំឡើងដោយក្រុមការងារសុខភាព និងអប់រំ របស់មូលនិធិអ៊ែមចេភី ដោយមានកិច្ចសហការយ៉ាងល្អប្រសើរ ពីសំណាក់លោកគ្រូ​ អ្នកគ្រូ នៃសាលាទាំង២ ក្រុមឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន​។

ព្រឹត្តការណ៍រត់ប្រណាំងដើម្បីសុខភាពនេះ បានក្លាយទៅជាព្រឹត្តការណ៍ប្រចាំឆ្នាំមួយ ដែលមូលនិធិអ៊ែមចេភី រៀបចំឡើងដើម្បីបង្កើនការយល់ដឹង ពីអត្ថប្រយោជន៍នៃការហាត់ប្រាណដល់ក្មេងៗ ចែកចាយអំពីសារសុខភាពសំខាន់ៗ ដល់សហគមន៍ជិតខាង និងផ្សព្វផ្សាយអំពីគម្រោងផ្តល់សេវាពិគ្រោះជម្ងឺមិនឆ្លង​នៅមណ្ឌលសុខភាពបឹងរុន។

ការរត់ប្រណាំងនេះ ត្រូវបានរៀបចំជា៤រយៈចំងាយ គឺ៣០០០ម៉ែត្រ សម្រាប់សិស្សអនុវិទ្យាល័យជាយុវជន ចំងាយ២០០០ម៉ែត្រ សម្រាប់សិស្សអនុវិទ្យាល័យជាយុវតី ចំងាយ១៥០០ម៉ែត្រ សម្រាប់សិស្សបឋមសិក្សាទាំងពីរភេទ និងចំងាយ៥០០ម៉ែត្រសម្រាប់អ្នកថ្មើរជើង។​ អ្នករត់ឈ្នះគេ៣នាក់ ក្នុងប្រភេទចំងាយនិមួយៗ បានទទួលជ័យលាភីយ៉ាងសមរម្យ។

វេទិការសំណួរចំលើយ ស្តីពីការថែទាំសុខភាព និងបង្ការជំងឺ ដែលប្រព្រឹត្តទៅ នៅក្រោយពេលរត់ប្រណាំងចប់ បានទទួលការចូលរួមយ៉ាងផុលផុស ពីសំណាក់សិស្សានុសិស្សទាំងអស់។

អ្នកចូលរួមទាំងអស់ បានយល់ស្របគ្នាថា គួររៀបចំឲ្យមានព្រឹត្តការណ៍នេះម្តងទៀតនៅឆ្នាំ២០២១។ ខែកុម្ភៈ ២០២០

រុក្ខទិវានៅសំឡូត
ក្នុងកំឡុងខែកក្កដា និងសីហាកន្លងទៅនេះ មូលនិធិMJP បានសហការជាមួយសហគមន៍ និងសាលារៀននានា រៀប​ចំ​​ទិវាដាំកូនឈើជាច្រើនកន្លែង​ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់សិស្សានុសិស្ស​ និងអ្នកភូមិ។ ជាក់ស្តែង នៅសាលាបឋមសិក្សាអូរប្រើស មានសិស្សានុសិស្ស គ្រូបង្រៀន អ្នកភូមិ និងក្រុមឧទ្យានុរក្ស សរុបចំនួន១៥០នាក់ បានជួបជុំគ្នាដាំកូនឈើចំនួន៣២០ដើម ក្នុងបរិវេណសាលានេះ។ នាយកសាលា អូរប្រើស លោក ផន ហ្វីរេត បានសង្កេតឃើញថា អស់រយៈពេលជាង៤ឆ្នាំកន្លងទៅនេះ មានភ្លៀងធ្លាក់តិច និងអាកាសធាតុក្តៅជាងពេលមុនៗ ដោយសារតែការបាត់បង់គំរបព្រៃឈើ។ លោកនាយកសាលាបានសម្តែងនូវសេចក្តីរីករាយ​ ចំពោះកូនឈើដែល​​ទើបបានដាំថ្មីៗនេះ ព្រោះជឿថាវានឹងផ្តល់ជាផលប្រយោជន៍សម្រាប់សហគមន៍ ហើយបានសន្យាថា “​​​យើងនឹងថែទាំកូនឈើដែលទើបនិងដាំថ្មីៗ ទាំងនេះឲ្យបានដុះលូតលាស់ល្អ សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ”។ ក្នុងដំណាច់ឆ្នាំនេះ មូលនិធិMJP មានផែនការដាំកូនឈើឲ្យបានយ៉ាងតិច ១០.០០០ ដើម ព្រមទាំងចែកកូនឈើជូនដល់សហគមន៍ និងអង្គការផ្សេងៗទៀត ដែលមានបំណងជួយស្តារគំរបព្រៃឈើឡើងវិញនៅតំបន់សំឡូត និងប៉ៃលិន ។ ខែសីហា ២០១៩
គាំទ្រកុមារីក្រីក្រឲ្យបានទទួលការអប់រំ
បច្ចុប្បន្ននេះ កម្មវិធីអាហារូបករណ៍សៃឡហ៍​ នៃមូលនិធិអ៊ែមចេភី កំពុងផ្តល់ អាហារូបករណ៍ ដល់កុមារក្រីក្រចំនួន១០នាក់​ (កុមារី៥នាក់)​ មកពីគ្រួសារងាយរងគ្រោះនៅក្នុងស្រុកសំឡូត។ ក្នុងឆ្នាំសិក្សានេះ មានកុមារីចំនួន៣នាក់ ថ្មីទៀត បានទទួលអាហារូបករណ៍។

ក្នុងចំណោមនោះ មានកុមារីម្នាក់ឈ្មោះ រឿង​ សុខឡា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យស្រែអណ្តូង។​ នាងរស់នៅក្នុងភូមិកន្ទួត ជាមួយឪពុកម្តាយ និងបងប្អូនស្រី២នាក់របស់នាង។​ ឪពុករបស់នាងពិការជើងម្ខាង ដោយសារផ្ទុះមីន។ ភាពក្រីក្រ បានធ្វើឲ្យសុខឡា ស្ទើរតែបោះបង់ចោលការសិក្សា។​ ជារឿយៗ នាងទៅរៀនមិនបានទៀងទាត់ទេ ផ្ទះរបស់នាងនៅប្រមាណ៣,៥គម ពីសាលា ហើយគ្រួសាររបស់នាង​ មិនមានលទ្ធភាពផ្តល់សម្ភារៈសិក្សា និងឯកសណ្ឋានសិស្សគ្រប់គ្រាន់ ដែលធ្វើឲ្យប៉ះពាល់ដល់លទ្ធផលសិក្សារបស់នាង។

កម្មវិធីអាហារូបករណ៍សៃឡហ៍ នៃមូលនិធិអ៊ែមចេភី បានឧបត្ថម្ភដល់ សុខឡា នូវកង់មួយគ្រឿង ឯកសណ្ឋានសិស្ស សម្ភារៈសិក្សាមួយចំនួន ព្រមទាំងរបបអង្ករ និងប្រាក់ចំណាយប្រចាំខែផង។ ឥឡូវនេះ សុខឡាបានចូលរៀនជាទៀងទាត់ ហើយពិន្ទុនិងចំណាត់ថ្នាក់ប្រចាំខែរបស់នាងក៏បានប្រសើរឡើងដែរ។ នាងសប្បាយចិត្តណាស់ ហើយនាងចង់រៀនឲ្យបានចប់ថ្នាក់ ដើម្បីបានក្លាយជាគ្រូបង្រៀនម្នាក់។​ នាងនិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ MJP ដែលបានជួយផ្លាស់ប្តូរជីវិតរបស់ខ្ញុំ”ខែកក្កដា ២០១៩

មុខមាត់ថ្មីនៃការិយាល័យសំឡូត
កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ បុគ្គលិកមូលនិធិយើង បានចូលមកធ្វើការនៅក្នុងអគារការិយាល័យថ្មី ដែលទើបតែសាងសង់រួច នៅលើទីតាំងចាស់នៃសាខាក្នុងស្រុកសំឡូត​។ អគារថ្មីៗទាំងនេះ បានជួយសម្រួលដល់បុគ្គលិករបស់យើង​យ៉ងប្រសើរ ក្នុងការបំពេញការងារនៅថ្នាក់មូលដ្ឋាន ដែលរួមមានការ​គាំទ្រ​មណ្ឌលសុខភាព​​ សាលាបឋមសិក្សានិងសាលាអនុវិទ្យាល័យ និងជួយដល់គ្រួសារកសិករក្រីក្រ ឲ្យបានរៀនជំនាញកសិកម្មថ្មីៗ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។ ទីស្នាក់នេះក៏ជាទីតាំងឈរជើងសំខាន់​មួយ ​សម្រាប់​ដៃគូ​សហការ​​ដែលជាឧទ្យានុរក្សនៃក្រុមប្រតិបត្តិច្បាប់ក្រសួងបរិស្ថាន ប្រើប្រាស់ជាបង្អែកដើម្បី​​​គ្រប់គ្រង ការដើរល្បាត និងទប់ស្កាត់បទល្មើសព្រៃឈើផ្សេងៗក្នុងតំបន់សំឡូត។  អ្នកស្រី អាន់ជេលីណា ចូលី (Angelina Jolie) ជាប្រធានាធិបតីនៃមូលនិធិ MJP បាន​បើក​សម្ភោធ​អគារថ្មីទាំងនេះជា​ផ្លូវ​ការ ក្នុង​​កំឡុងពេលដែលគាត់មកទស្សនកិច្ចនៅស្រុកសំឡូតកាលពីខែមេសាកន្លងទៅនេះ។ លោក គង់ មុនីច័ន្ទ នាយក MJP​ ប្រចាំកម្ពុជាមានប្រសាសន៍ថា​ “ទីស្នាក់ការថ្មីនេះ បានជួយឲ្យក្រុមការងារយើង អាចបំពេញ​ការងារ​​​បានដោយផ្ទាល់និងពេញលេញជាងមុន នៅមូលដ្ឋានសំឡូត។ អគារថ្មីទាំងនេះ ឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់មូលនិធិMJP ក្នុងការជួយគាំទ្រសហគមន៍សំឡូត ​រយៈពេលយូរអង្វែងទៅអនាគត​​ ។ ខែមិថុនា ២០១៩
ឧទ្យានុរក្សស្រីរបស់យើង
កញ្ញា អំ ចាន់នួន អាយុ២៦ឆ្នាំ ជាសមាជិកថ្មីនៃក្រុមឧទ្យានុរក្ស របស់គម្រោងអភិរក្សព្រៃសំឡូត ដែលគាំទ្រដោយមូលនិធិ​ MJP។ តាំងពីនៅក្មេងម្ល៉េះ នាងមានចិត្តស្រឡាញ់បរិស្ថាន និងស្រមៃចង់ក្លាយជាឧទ្យានុរក្សម្នាក់ ដើម្បីចូលរួមការពារធនធានធម្មជាតិ។​​ ក្រោយទទួលបានវគ្គបណ្តុះបណ្តាលរួចមក នាងក៏បានសម្រេចតាមក្តីប្រាថ្នារបស់ខ្លួន។ នាងជាឧទ្យានុរក្សម្នាក់ក្នុងចំណោមឧទ្យានុរក្សទាំង៣៨នាក់ (មានស្រី៤នាក់) ហើយនាងជាស្ត្រីតែម្នាក់ឯងគត់​ នៅក្នុងក្រុមល្បាតរបស់នាងដែលមានគ្នា៦នាក់។ 

ក្នុងនាមជាទ្យានុក្សម្នាក់ នាងបានចូលរួមចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃនៅតំបន់សំឡូតយ៉ាងទៀងទាត់។​ នាងបានចែករំលែកចំណេះដឹងស្តីពីបរិស្ថានដល់អ្នកភូមិ និងសិស្សជាច្រើននៅតាមភូមិនានា តាមរយៈការចុះផ្សព្វ​ផ្សាយអំពីសារៈសំខាន់នៃកិច្ចការពារធនធានធម្មជាតិ។ នៅពេលបានក្លាយខ្លួនជាឧទ្យានុរក្ស នាងបាននិយាយថា ខ្ញុំពិតជាចង់ឃើញប្រជាជន ចូលរួមការពារ បរិស្ថាន កាន់តែច្រើនឡើង​ ដើម្បីឲ្យតំបន់សំឡូតរក្សាបាននូវព៌ណបៃតង និងបង្កើនចំនួនសត្វព្រៃឲ្យបានច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ ខែមេសា​ ២០១៩

កម្មវិធីរត់ប្រណាំងដើម្បីសុខភាព នៅសហគមន៍សំឡូត
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩​ មូលនិធិអ៊ែមចេភី បានសហការជាមួយសាលារៀន និងមណ្ឌលសុខភាព ក្នុងឃុំសំឡូត រៀបចំកម្មវិធី​​ រត់ប្រណាំងដើម្បីសុខភាព សម្រាប់សហគមន៍សំឡូត ក្នុងគោលបំណងលើកទឹកចិត្ត​ឲ្យមាន ការហាត់ប្រាណជាទៀងទាត់​ និងការរស់នៅ ​ប្រកបដោយសុខភាព។ មានសិស្សានុសិស្សជាង៣០០នាក់ មកពីសាលាអនុវិទ្យាល័យស្រែអណ្តូង និងសាលាបឋមសិក្សា​​ជិតខាង បានមកចូលរួមរត់ប្រណាំង​ រយៈចំងាយ២គម​ និង​៤គម ដែលចាត់ឡើងដើម្បី លើកទឹកចិត្តកុមារ ​ឲ្យស្រឡាញ់ និងចូលរួមសកម្មភាពកីឡា។ នៅក្នុងព្រឹត្តការណ៍នេះដែរ មូលនិធីអ៊ែមចេភី ក៏បានរៀបចំឲ្យមានការពិនិត្យសុខភាព និងការប្រកួតឆ្លើយសំណួរយករង្វាន់ ដើម្បីជួយអប់រំដល់រំក្មេងៗ អំពីជម្ងឺមិនឆ្លង មានដូចជា ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាម ជាដើម។ កម្មវិធីនេះបានប្រមូលសហគមន៍ ឲ្យជួបជុំគ្នាយ៉ាងកុះករ។​ ក្នុងចំណោមអ្នកចូលរួមរត់ប្រណាំង កុមារី សំអាង មុនីនាថ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី ៩ក បាននិយាយថា កម្មវិធីនេះ “បានធ្វើឲ្យយើងសប្បាយរៀនសូត្រអំពីសុខភាព”។ ជាមួយនឹងលទ្ធផលជាវិជ្ជមាន​នេះ យើងសង្ឃឹមថា នឹងចាត់ឲ្យមានកម្មវិធីបែបនេះ ជារៀងរាល់ឆ្នាំ។ ជួបគ្នាម្តងទៀតនៅឆ្នាំក្រោយ។ ខែមករា ២០១៩
អ្នកទទួលអាហារូបករណ៍សៃឡសដំបូងគេបានបញ្ចប់ការសិក្សាថ្នាក់ វិទ្យាល័យ
កាលពីខែសីហា ឆ្នាំ២០១៨ មឿន សុខណា បានប្រឡងបញ្ចប់មធ្យមសិក្សា​ទុតិយភូមិ (ថ្នាក់ទី១២) ដោយជោគជ័យ​។ សុខណា ជាកុមារដែលបានទទួលអាហារូបករណ៍សៃឡស ដំបូងគេ។ នេះជាសមិទ្ធិផលដ៏ធំធេងមួយសម្រាប់ជីវិតសុខណា។ ឪពុកម្តាយរបស់ សុខណា បានស្លាប់ដោយសារគ្រោះ​ថ្នាក់មីន កាលពីឆ្នាំ ២០១២ ដែលធ្វើឲ្យ សុខណា និងប្អូនប្រុស ត្រូវបោះបង់ការសិក្សា។​ ក្រោយមក ដោយទទួលបានការជួយឧបត្ថម្ភពីសំណាក់មូលនិធិអ៊ែមចេភី សុខណា និងប្អូនប្រុស មានឳកាសត្រឡប់ទៅបន្តការសិក្សាជាថ្មីម្តងទៀត។ ក្រោយបញ្ចប់ការសិក្សានេះ សុខណាបាននិយាយថា “កាលពីនៅក្មេង ខ្ញុំមិនរំពឹងថាបានរៀនដល់បញ្ចប់ថ្នាក់ទី៨ទេ ពីព្រោះខ្ញុំជាក្មេងស្រុកស្រែ​​នៃគ្រួសារក្រីក្រ ប៉ុន្តែឥឡូវនេះអនាគតរបស់ខ្ញុំភ្លឺស្វាងជាងមុន។ សុខណា ចង់ក្លាយខ្លួនជាគ្រូបង្រៀនម្នាក់ ដោយសង្ឃឹមថា​​នឹងមានសមត្ថភាពជួយក្មេងៗ នៅសំឡូត​ឲ្យទទួលបានការអប់រំខ្ពស់​។ សម្ផស ដែលជាប្អូនប្រុសរបស់ សុខណា នៅតែទទួលបានការគាំទ្រអាហារូបករណ៍សាយឡស នៃមូលនិធិអ៊ែមចេភី ហើយកំពុងសិក្សាថ្នាក់ទី១១ នៅវិទ្យាល័យសំឡួត។ ខែតុលា ២០១៨
កូនឈើថ្មីៗ ចំនួន២០០០ ដើមត្រូវបានដាំនៅសំឡូត
ដើម្បីប្រារព្វពិធីទិវាបរិស្ថានពិភពលោក បុគ្គលិកអ៊ែមចេភី និងសមាជិកសហគមន៍ជនបទជាច្រើននាក់បានចូលរួម​ ដាំកូនឈើបរមាណជា២០០០ដើម នៅក្នុងបរិវេណវត្តច្រាបក្រហម ក្នុងឃុំមានជ័យ ស្រុកសំឡូត។ អ្នកចូលរួមជាង២០០នាក់ ដែលជាអ្នកភូមិ សិស្សសាលា គ្រូបង្រៀន ព្រះសង្ឃ មន្ត្រីរដ្ឋបាលព្រៃឈើ ឧទ្យានុរក្ស និងបុគ្គលិកអ៊ែមចេភី បានចំណាយពេលមួយថ្ងៃជាមួយគ្នា ដាំកូនឈើ ដើម្បីជួយស្តារព្រៃឈើក្នុងតំបន់នេះឡើងវិញ ក្រោយពេលត្រូវរេចរឹលដោយសារការកាប់បំផ្លាញកន្លងមក។ យើងធ្វើការជាមួយសហគមន៍ព្រៃឈើ នៅជនបទដើម្បីជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចការពារបរិស្ថាន។ យើងសង្ឃឹមថា នឹងមានទិវាដាំកូនឈើជាច្រើនទៀត កើតឡើងនៅតាមសហគមន៍ផ្សេងៗទៀតក្នុងស្រុកសំឡូត ដើម្បីជួយថែរក្សាបរិមាណព្រៃ ឈើដែលកំពុងប្រឈមនឹងការ​បាត់បង់នៅសំឡូត។ ខែសីហា ២០១៨
ក្រុមកសិករក្រនៅជនបទបានរៀនចេះពីវិធីចញ្ចឹមឃ្មុំ
នៅក្នុងខែមិថុនានេះ យើងបានជួយដល់អ្នកភូមិ១៤នាក់ ឲ្យចេះជំនាញថ្មីមួយទៀត គឺការចញ្ចឹមឃ្មុំ ដែលអាចក្លាយជាមុខជំនួញខ្នាតតូច ជួយបង្កើតប្រាក់ចំណូលរបស់ពួកគាត់បាន។ ដោយមានកិច្ចសហការពីគ្រូមានឯកទេសនៃអង្គការណាស្តូ មូលនិធិអ៊ែមចេភី​ បានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ថ្ងៃ អំពីបច្ចេកទេស ចញ្ចឹមឃ្មុំយកទឹក និងការរៀបចំកសិដ្ឋានឃ្មុំ។ មានសិក្ខាកាមស្ត្រីម្នាក់បាននិយាយថា គាត់ធ្លាប់ប្រមូលយកទឹកឃ្មុំពីព្រៃទៅលក់ ដែលប្រឈមនិងគ្រោះថ្នាក់ដោយសារគ្រាប់មីនណាស់។ ឥឡូវនេះ គាត់អាចផលិត និងលក់ទឹកឃ្មុំដោយសុវត្ថិភាព។ អ្នកភូមិនឹងពង្រីកបណ្តាញមុខរបរថ្មីរបស់គេ និងបង្កើតសហគមន៍ចញ្ចឹមឃ្មុំមួយនៅក្នុងស្រុកសំឡូត។ ខែកក្កដា ២០១៨