រឿងរ៉ាវខ្លីៗក្នុងការងារយើង

ហេដ្ឋារចនាសម្ព័ន្ធអនាម័យថ្មីៗ សម្រាប់សាលារៀននៅតំបន់សំឡូត
ក្នុងរយៈពេល៦ខែកន្លងមកនេះ យើងបានជួយធ្វើឲ្យប្រសើរឡើងយ៉ាងច្រើន នូវហេដ្ឋារចនាសម្ព័ន្ធអនាម័យ នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យចំនួន១០ ដែលស្ថិតនៅភាគខាងលិចនៃស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានសាងសង់បង្គន់ថ្មីៗ អណ្តូងទឹកថ្មីរួមទាំងបំពាក់ម៉ូទ័របូបទឹក និងអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្អាតដល់សិស្សទាំងអស់។ លោក ហាំង សៀវផេង នាយកសាលាបឋមសិក្សាអូរតាតឹង បានរៀបរាប់ថា ”កាលមុន សិស្សរបស់ខ្ញុំ ផឹកទឹកមិនស្អាត ដែលដងយកពីស្រះនៅក្នុងសាលា បណ្តាយឲ្យរាគរូស និងខកខានមិនបានមករៀន។ ឥឡូវនេះសិស្សទាំងអស់មានលទ្ធភាពប្រើប្រាស់ទឹកស្អាត ក៏ដូចជាមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ផងដែរ“។​ ខែមិថុនា ២០១៨
ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅបរិវេណការិយាល័យ សំឡូត
នៅខែកុម្ភៈឆ្នាំ២០១៧ មូលនិធិអឹមជេភី បានចាត់ធ្វើការរាវរកនិងបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងបរិវេណទីស្នាក់ការសាខា​អឹមជេភី ក្នុងស្រុកសំឡូត។ ក្រុមបោសសំអាត បានរកឃើញផ្នែកមួយនៃដានផ្លូវចាស់ពីសម័យសង្គ្រាមខ្មែរក្រហម ឆ្លងកាត់ក្នុងបរិវេណនេះ ដែលតភ្ជាប់គ្នាទៅនឹងផ្លូវមួយខ្សែទៀតនៅខាងក្រៅទីស្នាក់ការ ជាទីដែលក្រុមបោសសំអាតមីនធ្លាប់បានរកឃើញមីនប្រឆាំងរថក្រោះមួយគ្រាប់កាលពីពេលថ្មីៗនេះ។ ក្រុមបោសសំអាតមីន បានធ្វើការជាងមួយសប្តាហ៍ រាវរកនិងសំអាតបរិវេណដីទំហំប៉ុនទីលានបាល់ទាត់ ដោយប្រើបច្ចេកវិទ្យារាវមីនទំនើបបំផុត។​ ពេលនេះបរិវេណទាំងនោះត្រូវបានសំអាត និងបានក្លាយជាទីតាំងមានសុវត្ថិភាពសំរាប់ការផ្តល់សេវានានាជូនសហគមន៍។ ខែឧសភា ២០១៨
កម្មវិធីផ្តល់អាហារសម្រន់នៅតាមសាលារៀន
ថ្មីៗនេះមូលនិធិ​ អឹមជេភី បានដាក់សាកល្បងនូវកម្មវិធីផ្តល់អាហារសម្រន់ ដល់កុមារចំនួន១៣៧៨នាក់ នៅតាមសាលាមត្តេយ្យ និងបឋមសិក្សាចំនួន៦ ក្នុងគោលបំណងបំពេញបង្រ្គប់នូវជីវជាតិ និងអាហារូបត្ថម្ភដល់កុមារទាំងនោះ។ អាហារសម្រន់ត្រូវបានផ្តល់២ដងក្នុង១ថ្ងៃ និង២ថ្ងៃក្នុង១សប្តាហ៍។ អាហារសម្រន់ទាំងនោះត្រូវបានចំអិន និងរៀបចំផ្គត់ផ្គង់ដោយក្រុមស្ត្រីក្នុងសហគមន៍ និងជាទូទៅគឺចំអិនដោយប្រើកសិផល ដែលផលិតដោយកសិករក្នុងសហគមន៍នានាក្នុងស្រុកសំឡូត។​ លោកគ្រូអ្នកគូ្របានសង្កេតឃើញជាបណ្តើរៗនូវភាពប្រសើរឡើងនៃវត្តមានចូលរៀន និងការតាំងអារម្មណ៍រៀនរបស់កុមារទាំងនោះ។ មូលនិធិអឹមជេភី រំពឹងថានឹងពង្រីកកម្មវិធីនេះទៅកាន់សាលាផ្សេងៗទៀតនៅឆ្នាំក្រោយ។ ខែមេសា ២១០៨
ក្រុមយុវ័នបរិស្ថាន ចូលរួមសកម្មភាពការពារព្រៃសហគមន៍
ក្រុមយុវ័ននិងយុវតីចំនួន៤៥នាក់ ដែលជាសមាជិកក្លិបបរិស្ថានគាំទ្រដោយមូលនិធិអឹមជេភី បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ព្រៃឈើនៅសំឡូត។ ពួកគេបានយកចំណេះដឹងដែលបានរៀនពីការអភិរក្សបរិស្ថាន មកអនុវត្តជាក់ស្តែង ក្នុងកិច្ចអភិរក្សនិងការពារព្រៃសហគមន៍។​ ពួកគេបានចូលរួមដាំកូនឈើថ្មីៗ ជាង១០០០ដើម​​ ក្នុងឳកាសរុក្ខទិវា ដែលជាផ្នែកមួយនៃផែនការស្តារព្រៃឈើឆ្នាំ២០១៧។ កម្មវិធីអឹមជេភី បាននិងកំពុងជួយអភិរក្សព្រៃសហគមន៍ចំនួន១១កន្លែង និងថ្នាលបណ្តុះកូនឈើ៦កន្លែង ដែលតាមរយៈនោះ កូនឈើជាង១ម៉ឺនដើមត្រូវបានបណ្តុះ និងដាំឡើងវិញ​ ជារៀងរាល់ឆ្នាំ នៅតាមព្រៃសហគមន៍ និងព្រៃអភិរក្សសំឡូត។ ខែមីនា ២០១៨
ការសាងសង់ការិយាល័យថ្មីនៅសំឡូត
នៅដើមឆ្នាំ​២០១៧ យើងបានចាប់បើកការដ្ឋានសាងសង់ អគារការិយាល័យថ្មី នៅក្នុបរិវេណសាខាអេមជេភី ស្រុកសំឡូត។​ អគារថ្មីទាំងនេះនឹងត្រូវបានសាងសង់ទៅតាមលំអានទីតាំង អគារចាស់ៗ ដែលត្រូវរុះរើចេញ ឬជួសជុលឡើងវិញ។ ក្នុងចំណោមនោះ ក៏មានផងដែរនូវ អគារទីស្នាក់ការ និងអគារស្នាក់នៅ សម្រាប់ក្រុមភ្នាក់ងារឧទ្យានុរក្ស ព្រៃសំឡូត ដែលជាដៃគូដ៏សំខាន់របស់យើង ក្នុងគម្រោងអភិរក្ស និងការពារ តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត ប្រឆាំងនឹងការកាប់ទន្ទ្រាន និងបរបាញ់សត្វខុសច្បាប់។ ពិធីបើកការដ្ឋានសាងសង់ ត្រូវបានចូលរួមប្រសិទ្ធិពរជ័យ ដោយព្រះសង្ឃដែលនិមន្តមកពីវត្តក្នុងភូមិ។ ខែកុម្ភៈ ២០១៨