ដៃគូសហការរបស់យើង
យើងបានសហការដោយជោគជ័យជាមួយ មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រាលី (ACIAR) ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនសន្តិសុខស្បៀង តាមរយ:ការអភិវឌ្ឍន៍ប្រព័ន្ធក្សេត្រកម្មនិរន្តរភាព សម្រាប់ដំណាំតំបន់ខ្ពង់រាប ដូចជាពោត សណ្តែកសៀង សណ្តែកដី សណ្តែកបាយ និងល្ងរ។ កិច្ចសហការរួមមាន ការសិក្សានិងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ និងការកែលម្អវិធីសាស្ត្រដាំដុះ នៅលើកសិដ្ឋានសាកល្បងនានា។ សិក្ខាសាលាជាច្រើនត្រូវបានធ្វើឡើង ជាមួយកសិករ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ និងការផ្លាស់ប្តូរវិធីសាស្រ្តដាំដុះ។
គម្រោងសមភាពយេនឌ័រនិងការពង្រឹងសមត្ថភាពស្ត្រី នៃស្រុកសំឡូត ត្រូវបានបើកដំណើការ នៅឆ្នាំ២០១០ ដោយមានហិរញ្ញប្បទានពី សហព័ន្ធគ្រូ បង្រៀនបឋមសិក្សាអុនតារីអូ (ETFO) នៃប្រទេសកាណាដា។ គោលដៅនៃគម្រោងគឺពង្រឹងជំហរ និងលើកកំពស់សិទ្ធិស្ត្រីនិងយុវតីក្នុងស្រុកសំឡូត តាមរយ:យុទ្ធនាការផ្សព្វផ្សាយ កម្មវិធីបង្រៀនវិជ្ជាជីវ: ការបង្កើនមុខរបរ និង អក្ខរ:កម្ម។ គម្រោងនេះមានសមាសភាគចំបងៗបីគឺ ការពង្រឹងជំហរផ្នែកសេដ្ឋកិច្ច ការពង្រឹងជំហរផ្នែកសង្គម និងកិច្ចគាំពារជីវភាពនិងសុខភាព។ លទ្ធផលដំបូងនៃគម្រោងគឺ មណ្ឌលអភិវឌ្ឍន៍ស្ត្រីឃុំសំឡូត ដែលត្រូវបានកសាងឡើង នៅឆ្នាំ២០១១ ជាទីតាំងសម្រាប់ស្ត្រីជួបប្រជុំគ្នា ទទួលការបំប៉នសមត្ថភាពផ្សេងៗ និងជាជម្រកបណ្តោះអាសន្នសម្រាប់ស្ត្រីនៅពេលណាចាំបាច់។
គណ:កម្មការសុខភាពកម្ពុជា (CHC) ដែលអន្តរជាតិស្គាល់តាមរយ:ឈ្មោះ គណ:កម្មការសុខភាពសាកល (Global Health Committee – GHC) បានចាប់ផ្តើការងារនៅកម្ពុជាកាលពីឆ្នាំ១៩៩៤។ នៅឆ្នាំ២០០៦ អង្គការនេះបានសហការជាមួយអ្នកស្រី អេនជេលីណា បង្កើតបាននូវ មជ្ឈមណ្ឌលកុមារម៉ាដក្សជីវ័ន (Madox Chivan Children Center – MCCC) សម្រាប់ជួយសង្គ្រោះកុមារដែលរងគ្រោះដោយមេរោគអេដស៍ ដូចជាត្រូវសង្គមបោះបង់ លែងបានទៅរៀននៅសាលាទូទៅ ខ្វះអាហារ និងសុខភាពទ្រុឌទ្រោមជាដើម។ មណ្ឌល MCCC ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ បានដំណើរការ១០ឆ្នាំហើយ ដោយបានផ្តល់នូវសេវាចំរុះរួមមានទាំងការផ្តល់ថ្នាំ ចំណីអាហារ ការអប់រំបំប៉ន ចិត្តសាស្ត្រសង្គម និង សកម្មភាពដែលជំនួយដល់ការលូតលាស់ផ្សេងៗ ដល់កុមារ ដែលបានឆ្លងមេរោគអេដស៍ ពីអាយុ ៣ឆ្នាំ ដល់១៦ឆ្នាំ ។
គ្រាប់មីននានាដែលត្រូវបានកប់ក្នុងដីនៃប្រទេសកម្ពុជា កាលពីសម័យសង្គ្រាម នៅតែជាបញ្ហាប្រឈមដល់ប្រជាជន។ ទោះបីជា ពាក់កណ្តាលនៃផ្ទៃដីចំការមីន ត្រូវបានបោសសម្អាតហើយក្តី កម្ពុជានៅតែជាប្រទេសមួយដែលរងគ្រោះដោយសារមីនធ្ងន់ធ្ងរជាងគេ ក្នុងពិភពលោក។ សំឡូត ក៏ជាស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះដោយសារមីនធ្ងន់ធ្ងរដែរ ព្រវាជាទីតាំងឈរជើងដំបូង និងចុងក្រោយបង្អស់របស់ខ្មែរក្រហម។ ដោយមានកិច្ចសហាករជាមួយអង្គការ ហេឡូត្រឹស (Halo Trust) យើងបានធ្វើឲ្យតំបន់ប្រតិបត្តការរបស់ MJP មានសុវត្ថិភាពជាងមុន សម្រាប់អ្នកស្រុកសំឡូត។
ដើម្បីកាត់បន្ថយអត្រាមរណ:របស់កុមារ និងជួយគាំពារដល់សុខភាពមាតា យើងបានចាប់ដៃគូសហការជាមួយ អាជ្ញាធរយុទ្ធសាស្រ្តសុខាភិបាលមជ្ឈឹមនៃចក្រភពអង់គ្លេស ។ ក្រុមគ្រូពេទ្យស្ម័គ្យចិត្តនៃស្ថាប័ននេះ បានចែករំលែកដល់យើងនូវចំណេះដឹងនានាផ្នែកខាងសេវាសុខាភិបាលសាធារណៈ ហើយយើងបានចែករំលែកឲ្យពួកគាតវិញនូវបទពិសោធន៍ការងារនៅប្រទេសកំពុងអភិវឌ្ឍន៍ និងផ្តល់ឳកាសឲ្យពួកគាត់បានមក បំពេញការងារនិងដកស្រង់បទពិសោធន៍បន្ថែម នៅមណ្ឌលសុខភាព នៅកម្ពុជា។