វិស័យសុខភិបាល

មូលនិធិ MJP គាំទ្រការផ្តល់សេវាសុខាភិបាល ទៅកាន់តំបន់ដាច់ស្រយាល ក្នុងស្រុកសំឡូត។ យើងបានសាងសង់អគារ ប៉ុស្តិ៍សុខភាពកំពង់ទូក នៅឆ្នាំ២០០៧ និងមណ្ឌលសុខភាពបឹងរុន នៅឆ្នាំ២០០៩។​ នៅឆ្នាំ២០១៤ យើងបានសង់បន្ថែមក្នុងមណ្ឌលសុខភាពមឹងរុន នូវមន្ទីសម្ភពថ្មីមួយកន្លែង និងមន្ទីរចក្ខុព្យាបាលមួយ​ ដោយមានបំពាក់គ្រឿងបរិក្ខារពេទ្យពេញលេញ។

​​

មណ្ឌលសុខភាពទាំង២​ របស់យើងមានបុគ្កលិកសរុប១៦នាក់ បានទទួលពិគ្រោះនិងព្យាបាលអ្នកជំងឺ ជាមធ្យម១១០០០​ នាក់ ក្នុង១ឆ្នាំ។ អ្នកជំងឺទាំងនោះមកពីភូមិចំនួន១៨ នៃឃុំ៣ ក្នុងប៉ែកខាងលិចនៃស្រុកសំឡូត។ មូលនិធិ MJP បានផ្គត់ផ្គង់ឳសថនិងបរិក្ខារពេទ្យដល់មណ្ឌលទាំង២នេះ​ ផ្ដល់ប្រាក់ខែបន្ថែមជូនបុគ្គលិកពេទ្យទាំង១៦នាក់ដើម្បីឲ្យគេធ្វើការពេញម៉ោង និងផ្តល់គ្រូពេទ្យម្នាក់ឲ្យធ្វើការ៣ថ្ងៃក្នុងមួយសប្តាហ៍នៅមណ្ឌលបឹងរុន។ មូលនិធិ MJP ក៏បានគាំទ្រឲ្យមានផងដែរនូវ គិលានដ្ឋាបចល័ត និងសកម្មភាពអប់រំសុខភាពតាមជនបទដាច់ស្រយាល។

 

កម្មវិធីគ្រួសាររីករាយ

ព្រមជាមួយគ្នានឹងសេវាពិគ្រោះជំងឺ គិលានដ្ឋានចល័តយើង ក៏បានផ្តល់ការអប់រំសុខភាពដល់ស្ត្រីជាម្តាយនានា ដូចជា វិធីពន្យារកំណើត អាហារូបត្ថម្ភសំរាប់ទារក ការថែរក្សាគភ៌ និងវិធីតាមដានការលូតលាស់របស់កុមារ។​ ក្រុមអ្នកស្ម័គ្រចិត្តនៃកម្មវិធីសហគមន៍ស្រឡាញ់ទារក បានបង្កើតបញ្តាញការងារដើម្បីគាំទ្រមា្តយ ក្នុងការថែទាំនិងផ្តល់ដំបូន្មាន អំពីអនាម័យខ្លួនប្រាណ និងការបំបៅដោះកូន ។

 

សុខភាព និងអនាម័យនៅតាមសាលារៀន

ក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រកាត់បន្ថយជំងឺនានា ដែលបង្កឡើងដោយកង្វះអនាម័យ និងទឹកមិនស្អាត គម្រោងអនាម័យ និងទឹកស្អាត គាំទ្រដោយមូលនិធិMJP បានបំពាក់ធុងចម្រោះទឹកស្អាត៧០គ្រឿង នៅតាមថ្នាក់រៀនក្នុងសាលាចំនួន១០ សាងសង់អណ្តូងទឹកជូនសាលារៀនចំនួន២។ ក្រៅពីនេះ អាងស្តុកទឹក ស្ថានីយលាងដៃ និងបង្គន់ ក៏កំពុងត្រូវបានសាងសង់បន្ថែមក្នុងឆ្នាំ២០១៨ផងដែរ។

 

ក្រុមការងារសុខភាព បានបើកកម្មវិធីអប់រំដ៏ទូលំទូលាយក្នុងសហគមន៍ និងតាមសាលារៀន បង្កើនចំណេះដឹងអំពីសារៈសំខាន់នៃអនាម័យខ្លួនប្រាណ ផ្តើមចេញពីការលាងដៃ និងការគ្រប់គ្រងកាកសំណល់នានា។